interview-preparation

 

ការត្រៀមខ្លួនសំរាប់ការសំភាសន៍


ដំណាក់ការសំភាសន៍ការងារគឺជាដំណាក់ការមួយដែលកំណត់ថាអ្នកនឹងត្រូវបានក្រុមហ៊ុនទទួលអោយធ្វើការដែររឺអត់។ វាគឺជាឱកាសមួយដែលលោកអ្នកត្រូវធ្វើអោយអ្នកសំភាសន៍ពេញចិត្តជាមួយនឹងប្រវត្តិការងារ និង ជំនាញដែលអ្នកមាន។ ទោះបីជាអ្នកមិនមានបទពិសោធន៍ រឺ ជំនាញដែលអ្នកគិតថាអាចធ្វើអោយអ្នកសំភាសន៍ពេញចិត្តក៏ដោយសូមកុំព្រួយបារម្ភ យើងនឹងប្រាប់អំពីវិធីដែលលោកអ្នកអាចប្រើនៅក្នុងការបញ្ចុះបញ្ចូលនិយោជកអោយមើលឃើញថាលោកអ្នកពិតជាសាកសមជាមួយនឹងការងារនោះ។ នៅពេលដែលលោកអ្នកចេះត្រៀមខ្លួនយ៉ាងល្អសំរាប់ការសំភាសន៍បង្ហាញថាលោកអ្នកពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការធ្វើការនៅក្រុមហ៊ុននោះ ដូចនេះលោកអ្នកត្រូវយល់ដឹងអំពីចំនុចមួយចំនួនមុនពេលលោកអ្នកទៅសំភាសន៍ការងារ។


នៅមុនថ្ងៃសំភាសន៍ការងារ

១.អានការបរិយាយអំពីការងារយ៉ាងប្រុងប្រយត្ន័

ចំនុចនេះគឺជាចំនុចមួយដែលងាយស្រួលនៅក្នុងការរំលង ហើយបើអ្នករំលងចំនុចនេះមែននោះវាគឺជាកំហុសដ៏ធំមួយ។ សូមអានអំពីតំរូវការនៃការងារដែលមានដូចជាជំនាញ និង បទពិសោធន៍យ៉ាងប្រុងប្រយត្ន័ ហើយបង្កើតបញ្ជីមួយថាតើអ្នកអាចបំពេញតំរូវការទាំងអស់នោះដោយរបៀបណា។ អ្នកមិនចាំបាច់ត្រូវមានគ្រប់ចំនុចទាំងអស់នោះទេ អ្វីដែលសំខាន់នោះគឺអ្នកត្រូវត្រៀមខ្លួនយ៉ាងណាដើម្បីបង្ហាញទៅកាន់អ្នកសំភាសន៍ថាអ្នកគឺជាបេក្ខជនដែលអាចបំពេញការងារនោះបានយ៉ាងល្អបើសិនអ្នកត្រូវបានក្រុមហ៊ុនជ្រើសរើស។ លោកអ្នកត្រូវប្រើប្រាស់ចំនុចខ្លាំងដែលលោកអ្នកមាននៅក្នុងបំពេញតួនាទីនោះ។


២.ចូលមើលគេហទំព័ររបស់ក្រុមហ៊ុន

នៅពេលដែលលោកអ្នកដឹងកាន់តែច្រើនអំពីក្រុមហ៊ុន នោះលោកអ្នកក៏កាន់តែយល់អំពីផលិតផល និងសេវាកម្មដែលក្រុមហ៊ុននោះមានផងដែរ ដូចនេះវាជួយអោយលោកអ្នកឆ្លើយសំនួរបានកាន់តែត្រឹមត្រូវនៅពេលសំភាសន៍ការងារ។ អានទំព័រ "អំពីក្រុមហ៊ុន" នឹងអ្វីដែលមានទាក់ទងជាមួយនឹងមុខជំនួញ និង ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននោះ។ ចូរស្វែងយល់អំពីប្រភេទវិស័យឧស្សាហកម្ម និង គោលដៅរបស់ក្រុមហ៊ុនដើម្បីដឹងអោយកាន់តែច្បាស់ថាការងារនោះគឺជាអ្វីដែលលោកអ្នកចង់ធ្វើ។


៣.ស្មានសំនួរដែលអ្នកនឹងត្រូវបានគេសួរ

នៅពេលដែលលោកអ្នកដឹងនូវអ្វីដែលលោកអ្នកនឹងនិយាយនៅមុនពេលសំភាសន៍គឺជាការមួយសំខាន់ដែលជួយលោកអ្នកក្នុងការគ្រប់គ្រងអារម្មណ៍ និង ការភ័យ។ លោកអ្នកមិនត្រូវចូលទៅបន្ទប់សំភាសន៍ ហើយមិនដឹងថានឹងឆ្លើយយ៉ាងម៉េចនៅពេលអ្នកសំភាសន៍សួរសំនួរមកកាន់លោកអ្នកនោះទេ។ ដូចនេះលោកអ្នកត្រូវមានភាពវ័យឆ្លាតដោយគិតមុនអំពីសំនួរដែលលោកអ្នកនឹងត្រូវបានសួរ។ សូមអានសំនួរសំភាសដែលត្រូវបានគេសួរញឹកញាប់ជាងគេ។


៤.អនុវត្តការសំភាសន៍ជាមួយមិត្តភក្ត័

បើសិនជាអ្នកមានមិត្តភក្ត័ដែលត្រូវសំភាសន៍ការងារដែលនោះគួរអនុត្តការសំភាសន៍ជាមួយគ្នា។ បើសិនជាអ្នកអាចស្វែងរកអ្នកដែលមានបទពិសោធន៍ក្នុងការសំភាសន៍វាកាន់តែមានភាពល្អប្រសើរផងដែរ។ វានឹងជួយអោយលោកអ្នកយល់អំពីដំណើរការនៃការសំភាសន៍ អ្វីដែលលោកអ្នកត្រូវនិយាយ និងអ្វីមិនត្រូវនិយាយ។ លោកអ្នកអាចអនុវត្តដោយឆ្លើយអោយក្បោះក្បាយជាមួយនឹងវាក្យសព្ទ័ដែលត្រឹមត្រូវ មើលអោយចំភ្នែក និងប្រើប្រាស់កាយវិការដែលត្រឹមត្រូវ។ បន្ទាប់ពីអនុវត្តហើយលោកអ្នកត្រូវសុំយោបល់ពីមិត្តភក្ត័ថាលោកអ្នកនិយាយយឺតរឺក៏លឿនពេក ឆ្លើយសំនួរបានរលូតដែររឺទេ។ យោបល់ពីមិត្តភក្ត័របស់លោកអ្នកមានសារៈណាស់សំរាប់អ្នកនៅក្នុងការកែលំអរ និងជួយលោកអ្នកត្រៀមខ្លួនអោយបានកាន់តែល្អ។


៥.ត្រៀមសំនួរមួយចំនួនសំរាប់សួរអ្នកសំភាសន៍

ការឆ្លើយសំនួរបានយ៉ាងល្អគឺមិនគ្រប់គ្រាន់នោះទេបើសិនជាអ្នកមិនអាចធ្វើអោយអ្នកសំភាសន៍ពេញចិត្តជាមួយនឹងសំនួរដែលអ្នកសួរទៅកាន់ពួកគេវិញនោះ។ នៅចុងបញ្ចប់នៃការសំភាសន៍នីមួយៗ អ្នកនឹងត្រូវអនុញ្ញាត្តិអោយសួរសំនួរទៅកាន់អ្នកសំភាសន៍វិញ។ បើសិនជាអ្នកឆ្លើយថា "មិនមាន" នោះអ្នកនឹងអាចធ្លាក់នៅក្នុងការសំភាសន៍នោះ។ ដូចនេះការត្រៀមសំនួរដែលល្អដើម្បីសួរទៅកាន់អ្នកសំភាសន៍គឺជាចំនុចមួយដែលមិនអាចរំលងបាន។ សួរសំនួរដែលអាចជួយអោយលោកអ្នកយល់កាន់តែច្បាស់ថាការងារនោះគឺជាឱកាសការងារល្អសំរាប់អ្នកដែររឺទេ។ តើការងារនោះគឺជាអ្វីដែលអ្នកចង់ធ្វើដែររឺទេ? តើអ្នកចូលចិត្តអ្នកធ្វើការនៅទីនោះ និង ទីតាំងក្រុមហ៊ុនដែររឺទេ?


នៅថ្ងៃសំភាសន៍ការងារ

១.ស្លៀកសំលាកបំពាក់អោយបានត្រឹមត្រូវ

ការជួបគ្នាជាលើកដំបូង ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់ណាស់ក្នុងការកំណត់ថាម្នាក់នេះអាចធ្វើជាដៃគូនៅក្នុងមុខជំនួញបានរឺអត់។ វាសនារបស់លោកអ្នកនឹងត្រូវបានកំណត់នៅក្នុង២ទៅ៣វិនាទីដំបូងនៅពេលដែលលោកអ្នកបង្ហាញខ្លួននៅចំពោះមុខអ្នកសំភាសន៍។ ដូចនេះដើម្បីកុំអោយមានការកាត់ក្តីខុស អ្នកត្រូវស្លៀកសំលៀកបំពាក់អោយបានត្រឹមត្រូវជាមួយនឹងក្រុមហ៊ុន។ បង្ហាញខ្លួនជាមួយនឹងលក្ខណៈសមសួនជាផ្លូវការនឹងធ្វើអោយអ្នកមានលក្ខណៈជំនាញ។ សំលៀកបំពាក់របស់លោកអ្នកត្រូវអ៊ុតអោយបានស្អាត ហើយស្បែកជើងត្រូវខាត់អោយរលោង។


២.បង្ហាញខ្លួននៅពេលវេលាដែលសមរម្យ

ការមកអោយទាន់ពេលវេលាគឺជាការបង្ហាញអំពីអាកប្បកិរិយា និង លក្ខណៈអត្តចរិករបស់លោកអ្នក។ បើសិនជាអ្នកមកយឺតសំរាប់ការសំភាសន៍ មិនថាលោកអ្នកមានហេតុផលអ្វីនោះទេ លោកអ្នកត្រូវបានគេសំរេចចិត្តអោយធ្លាក់រួចទៅហើយ។ លោកអ្នកត្រូវដឹងជាមុនថាតើលោកអ្នកអាចទៅដល់កន្លែងសំភាសន៍តាមរយៈអ្វី ធ្វើយ៉ាងណាលោកអ្នកត្រូវទៅដល់ទីនោះអោយបាន២០ទៅ១៥នាទីមុនម៉ោងនៃការសំភាសន៍។ ត្រូវគិតអំពីការស្ទះចរាចរណ៍ផងដែរបើសិនជាលោកអ្នកត្រូវសំភាសន៍នៅម៉ោងដែលមានមនុស្សធ្វើចរាចរណ៍ច្រើន។ ត្រូវគិតគូរអំពីពេលវេលាអោយបានល្អ ហើយបើសិនជាលោកអ្នកមកដល់កន្លែងសំភាសន៍លឿនពេកនោះ លោកអ្នកអាចរកហាងកាហ្វេណាមួយអង្គុយចាំដើម្បីបន្ធូរអារម្មណ័។


៣.ធ្វើអោយមានការទទួលចំណាប់អារម្មណ័ល្អក្នុងពេលសំភាសន៍

ឥឡូវនេះលោកអ្នកមកផ្នែកមួយដែលសំខាន់ជាងគេនៅក្នុងការរៀបចំរបស់លោកអ្នក។ នៅពេលដែលលោកអ្នកដើរចូលទៅក្នុងក្រុមហ៊ុន ត្រូវធ្វើការស្វាគមន៍ជាមួយមនុស្សគ្រប់គ្នាដោយស្នាមញញឹម ហើយ មើលទៅកាន់គេដោយភាពរីករាយ។ បង្ហាញនូវភាពរាក់ទាក់ និងភាពងាយស្រួលនៅក្នុងទំនាក់ទនង។ ត្រូវនិយាយអោយបានច្បាស់ហើយនិយាយថា "សួស្តី" រឺ "សូម" អោយបានច្រើនទៅតាមដែលលោកអ្នកអាចធ្វើបាន។ នៅក្នុងពេលសំភាសន៍លោកអ្នកត្រូវមានភាពស្មោះត្រង់ និង មានការយកចិត្តទុកដាក់ជានិច្ច។ ត្រូវឆ្លើយសំនួរអោយបានល្អដើម្បីបង្ហាញអ្នកសំភាសន៍ថាលោកអ្នកពិតជាមានសម្ថភាពដោយមិនបំព្លើស ហើយត្រូវរៀបរាប់អំពីមតិរបស់លោកអ្នកដោយមានឩទាហរណ៍ និង ភាពលំអិត។ ត្រូវចាំថាលោកអ្នកមិនត្រូវនិយាយកាត់អ្នកសំភាសទេ ហើយមិនត្រូវនិយាយអំពីគំនិតអវិជ្ចមាននៅក្នុងការសន្ទនានោះឡើយ។ ជាចុងក្រោយត្រូវធ្វើខ្លួនគួរជាទីពេញចិត្តទៅតាមដែលលោកអ្នកអាចធ្វើបាន។ ជាការពិតណាស់មនុស្សគ្រប់គ្នាតែងតែចង់ធ្វើការជាមួយមនុស្សដែលវៀងវ័យ ប៉ុន្តែភាគច្រើនគេតែងតែជ្រើសរើសធ្វើការជាមួយមនុស្សដែលគេចូលចិត្តច្រើនជាង។ ដូចនេះចូរព្យាយាមធ្វើខ្លួនគួរជាទីពេញចិត្ត។


MORE INFORMATION

cv preparation

ការសរសេរប្រវត្តិរូបសង្ខេប

ការសរសេរប្រវត្តិរូបសង្ខេបជាចំនុចដំបូងគេ និង សំខាន់ជាងគេនៅក្នុងការស្វែងរកការងារ។ ដូចនេះលោកអ្នកត្រូវធ្វើការយកចិត្តទុកដាក់អោយបានច្រើន។

business manner

ការរៀបចំខ្លួនសំរាប់ការងារ

បុគ្គលម្នាក់ត្រូវរៀបចំខ្លួនអោយបានត្រឹមត្រូវទៅតាមតួនាទីមុខងាររបស់ខ្លួន។ ក្នុងនោះមានចំនុចមួយចំនួនដែលអ្នកត្រូវយកចិត្តទុកដាក់នៅក្នុងការរៀបចំខ្លួន។

news

ព័ត៍មាន

លោកអ្នកអាចស្វែងយល់ព័តមានបន្ថែមដែលទាក់ទងជាមួយនឹង​ការងារ និង បទពិសោធន៍របស់បុគ្គលមួយចំនួនដែលមានភាពជោគជ័យនៅក្នុងការងារ។